ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ សួរបញ្ហានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៧៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា មិនបានសូមឱកាស គឺមិនបានផ្តៀង។ ពាក្យថា នឹងភិក្ខុ គឺនឹងឧបសម្បន្ន។ ពាក្យថា សួរបញ្ហា គឺភិក្ខុនីឲ្យភិក្ខុធ្វើឱកាសក្នុងព្រះសូត្រ ហើយបែរទៅសួរវិន័យក្តី អភិធម្មក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីឲ្យភិក្ខុធ្វើឱកាសក្នុងវិន័យ ហើយបែរទៅសួរព្រះសូត្រក្តី អភិធម្មក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីឲ្យភិក្ខុធ្វើឱកាសក្នុងអភិធម្ម ហើយបែរទៅសួរព្រះសូត្រក្តី វិន័យក្តី ត្រូវអាបត្តិបាចិត្តិយ។
[៤៧៨] ភិក្ខុដែលខ្លួនមិនបានសូមឱកាស ភិក្ខុនីសំគាល់ថា មិនបានសូមឱកាសមែន ហើយសួរបញ្ហា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនមិនបានសូមឱកាស ភិក្ខុនីមានសេចក្តីសង្ស័យ ហើយសួរបញ្ហា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនមិនបានសូមឱកាស តែភិក្ខុនីសំគាល់ថា បានសូមឱកាស ហើយសួរបញ្ហា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនបានសូមឱកាស តែភិក្ខុនីសំគាល់ថា មិនបានសូមឱកាស ត្រូវអាបត្តិទុក្កដ។
ID: 636791350409707238
ទៅកាន់ទំព័រ៖