ព្រះត្រៃបិដក ភាគ ០៥

កាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​គួរបើ​នឹង​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​ ​ភិក្ខុនី​នេះ​ក្តី​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ឈ្មោះ​បឋមា​បត្តិ​ក​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​។​ ​ឯ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ​។​
 [​៤១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ពីរ​រូប​ចេញ​អំពី​ក្រុង​សាកេ​ត​ ​ហើយ​ដើរ​ផ្លូវ​ឆ្ងាយ​ទៅកាន់​ក្រុង​សាវត្ថី​។​ ​ក្នុង​ចន្លោះ​ផ្លូវ​មាន​ស្ទឹង​ដែល​ភិក្ខុនី​ទាំងឡាយ​នោះ​ត្រូវ​ឆ្លង​។​ ​ទើប​ភិក្ខុនី​ទាំងឡាយ​នោះ​ចូល​ទៅ​រក​ពួក​អ្នកទូក​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​សូមឲ្យ​អ្នក​ទាំងឡាយ​អាណិត​ចម្លង​យើង​ ​(​បន្តិច​)​។​ ​ពួក​អ្នកទូក​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​យើងខ្ញុំ​មិន​អាច​ចម្លង​លោកម្ចាស់​ទាំងពីរ​រូប​តែម្តង​បានទេ​។​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636791007468644957
ទៅកាន់ទំព័រ៖