ព្រះត្រៃបិដក ភាគ ០៥
សង្ឃាទិសេសទី៦
[៥៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនីមានរូបល្អ គួរពិតពិលរមិលមើល នាំមកនូវសេចក្តីជ្រះថ្លា។ មនុស្សទាំងឡាយបានឃើញសុន្ទរីនន្ទាភិក្ខុនីក្នុងរោងភត្តក៏មានតម្រេក ហើយឲ្យភោជនទាំងឡាយដ៏ឧត្តុង្គឧត្តមដល់សុន្ទរីនន្ទាភិក្ខុនីដែលមានតម្រេកដែរ។ សុន្ទរីនន្ទាភិក្ខុនីរង្កៀស ក៏មិនទទួលយក។ ភិក្ខុនីដែលអង្គុយលើអាសនៈបន្ទាប់ បានពោលពាក្យនេះនឹងសុន្ទរីនន្ទាភិក្ខុនីថា នែលោកម្ចាស់ ហេតុអ្វីក៏នាងមិនទទួលយក។ សុន្ទរីនន្ទាភិក្ខុនីនិយាយថា នែលោកម្ចាស់ បុរសនេះមានតម្រេក។ ភិក្ខុនីទាំងឡាយនោះសួរថា នែលោកម្ចាស់ ចំណែកខាងលោកមានតម្រេកឬទេ។ សុន្ទរីនន្ទាភិក្ខុនីនិយាយថា នែលោកម្ចាស់ ខ្ញុំមិនមានតម្រេកទេ។ ភិក្ខុនីនោះនិយាយថា នែលោកម្ចាស់ បុគ្គលប្រុសនេះ ទុកជាមានតម្រេកក្តី មិនមានតម្រេកក្តី នឹងធ្វើអ្វីដល់នាងបាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកមិនមានតម្រេកហើយ បើបុគ្គលប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយក្តី ដល់លោក លោកចូរទទួលយកវត្ថុនោះដោយដៃខ្លួន ហើយទំពាស៊ី ឬបរិភោគចុះ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។
ID: 636791012577657175
ទៅកាន់ទំព័រ៖