ព្រះត្រៃបិដក ភាគ ៥០
ស្រូវក្តី ប្រាក់ក្តី មាសក្តី អ្នកផង ត្រូវដឹងបុរសនោះ យ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកស្តុកស្តម្ភមែន ហើយនិយាយថា អ្នកស្តុកស្តម្ភ អ្នកដ៏មានអាយុនេះ ជាអ្នកមានទ្រព្យមែន និយាយថា អ្នកមានទ្រព្យ អ្នកដ៏មានអាយុនេះ ជាអ្នកមានភោគៈមែន និយាយថា អ្នកមានភោគៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កាលបើកិច្ចដែលខ្លួនត្រូវធ្វើ ដោយទ្រព្យណាមួយ កើតឡើងហើយ អ្នកដ៏មានអាយុនេះ ក៏អាចប្រមូលមកនូវទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយអួតញាណវាទ និងភាវនាវាទថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំជាអ្នកបានចំរើនកាយ បានចំរើនសីល បានចំរើនចិត្ត បានចំរើនប្រាជ្ញាហើយ។ ម្នាលអាវុសោទាំងឡាយ បើជាលោភៈ មិនគ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនគ្របសង្កត់ទេ ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គលដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ
ID: 636855045023034826
ទៅកាន់ទំព័រ៖