ព្រះត្រៃបិដក ភាគ ៥០
លំដាប់នោះ ភិក្ខុទាំងនោះ ក៏ចូលទៅឯអារាមរបស់បរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹករួចហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ពួកបរិព្វាជក អន្យតិរ្ថិយទាំងនោះ បាននិយាយថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់នូវធម៌ទាំងពួង អ្នកទាំងឡាយ ចូរត្រាស់ដឹងរឿយ ៗ នូវធម៌ទាំងពួង។ ម្នាលអាវុសោទាំងឡាយ ពួកយើងក៏សំដែងធម៌ ដល់ពួកសាវកយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរចូលមកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់នូវធម៌ទាំងពួង អ្នកទាំងឡាយ ចូរត្រាស់ដឹងរឿយ ៗ នូវធម៌ទាំងពួង។ ម្នាលអាវុសោទាំងឡាយ ដូចយ៉ាងធម្មទេសនា ជាមួយនឹងធម្មទេសនាក្តី ពាក្យប្រៀនប្រដៅ ជាមួយនឹងពាក្យប្រៀនប្រដៅក្តី របស់សមណគោតម និងយើងនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានអធិប្បាយ ដូចម្តេច មានដំណើរផ្សេង ៗ គ្នាដូចម្តេច។
ID: 636855046602855186
ទៅកាន់ទំព័រ៖