ព្រះត្រៃបិដក ភាគ ៥០
លំដាប់នោះ ភិក្ខុទាំងនោះ ក៏មិនត្រេកអរ មិនទទឹងទាស់នឹងភាសិតរបស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនទទឹងទាស់ហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ដោយគិតថា យើងទាំងឡាយ នឹងយល់សេចក្តីនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគចុះ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាជាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួររួចហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ យើងខ្ញុំទាំងឡាយ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកពេកនៅឡើយ បើដូច្នោះ គួរតែយើងឈៀងចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។
ID: 636855046804566724
ទៅកាន់ទំព័រ៖