ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌មួយ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌មួយ គឺអ្វី។ គឺពួកសត្វទាំងពួង រស់នៅដោយសារអាហារ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌មួយនេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលតថាគតពោលថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះ ពាក្យនុ៎ះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុនោះ។ ពាក្យថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះ នុ៎ះ តថាគតពោលហើយ ពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ២ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ២ គឺអ្វី។
ID: 636855047571300578
ទៅកាន់ទំព័រ៖