ព្រះត្រៃបិដក ភាគ ៥០
ពាក្យណា ដែលតថាគតពោលថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះនុ៎ះ តថាគតពោលហើយ ពាក្យដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៤ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ៤ គឺអ្វី។ គឺអាហារទាំង ៤។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៤ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលតថាគតពោលថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យថា បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុអ្វី។
ID: 636855047912690105
ទៅកាន់ទំព័រ៖