ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ៥ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ៥ គឺអ្វីខ្លះ។ គឺឧបាទានក្ខន្ធទាំង ៥។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៥ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលតថាគតពោលថា បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យថា បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ៦ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។
ID: 636855048117391813
ទៅកាន់ទំព័រ៖