ព្រះត្រៃបិដក ភាគ ៥០
ពាក្យណា ដែលតថាគតពោលថា បញ្ហា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យថា បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតនៃទុក្ខ ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៨ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ៨ គឺអ្វី។ គឺលោកធម៌ទាំង ៨។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតនៃទុក្ខ ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៨ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលតថាគតពោលថា បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។
ID: 636855048557386979
ទៅកាន់ទំព័រ៖