ព្រះត្រៃបិដក ភាគ ៥០
ប៉ុន្តែពាក្យនុ៎ះ អាត្មាយល់យ៉ាងណា អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត នូវពាក្យនុ៎ះ ឲ្យប្រពៃចុះ អាត្មានឹងសំដែងប្រាប់។ ពួកកជង្គលឧបាសក ក៏បានទទួលពាក្យ នៃកជង្គលាភិក្ខុនីថា ករុណានាងម្ចាស់។ កជង្គលាភិក្ខុនី បានពោលដូច្នេះថា ពាក្យដែលព្រះដ៏មានព្រះភាគសំដែងថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ១ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ១ គឺអ្វី។ គឺសត្វទាំងពួង រស់ដោយសារអាហារ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌មួយនេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។
ID: 636855049294409134
ទៅកាន់ទំព័រ៖