ព្រះត្រៃបិដក ភាគ ៥០
ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ២ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ២ គឺអ្វី។ គឺនាម ១ រូប ១។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ២ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះ ពាក្យនុ៎ះ ព្រះមានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។
ID: 636855049465198903
ទៅកាន់ទំព័រ៖