ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះ កាលនឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះហើយ រមែងមិនត្រេកអរ ក្នុងភាពនៃខ្លួនជាអ្នកប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈមាន ១០ យ៉ាង។ កសិណាយតនៈ ១០ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលពួកមួយ ស្គាល់ច្បាស់នូវបឋវីកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានចំណែកពីរ រកប្រមាណមិនបាន។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវអាបោកសិណ...បុគ្គលពួកមួយ ស្គាល់ច្បាស់នូវតេជោកសិណ... បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវាយោកសិណ... បុគ្គលពួកមួយ ស្គាល់ច្បាស់នូវនីលកសិណ... បុគ្គលពួកមួយ ស្គាល់ច្បាស់នូវបីតកសិណ... បុគ្គលពួកមួយ ស្គាល់ច្បាស់នូវលោហិតកសិណ... បុគ្គលពួកមួយ ស្គាល់ច្បាស់នូវឱទាតកសិណ... បុគ្គលពួកមួយ ស្គាល់ច្បាស់នូវអាកាសកសិណ... បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានចំណែកពីរ រកប្រមាណមិនបាន។
ID: 636855051070630728
ទៅកាន់ទំព័រ៖