ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈ មាន ១០ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាកសិណាយតនៈទាំង ១០ នេះ កសិណាយតនៈដ៏ប្រសើរនុ៎ះ បានដល់បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានចំណែកពីរ រកប្រមាណមិនបាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ តែងមានសេចក្តីសំគាល់យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វ ដែលមានសញ្ញាយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងវិញ្ញាណកសិណនោះ កាលនឿយណាយក្នុងវិញ្ញាណកសិណនោះហើយ រមែងមិនត្រេកអរក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ (ហេតុជាគ្រឿងគ្របសង្កត់នូវបច្ចនីកធម៌) នេះមាន ៨ យ៉ាង។ អភិភាយតនៈ ៨ យ៉ាង តើដូចម្តេចខ្លះ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់រូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី ១។
ID: 636855051263611766
ទៅកាន់ទំព័រ៖