ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីប្រតិបត្តិទាំង ៤ យ៉ាងនេះ សេចក្តីប្រតិបត្តិ ដ៏ប្រសើរនុ៎ះ បានដល់សេចក្តីប្រតិបត្តិស្រួល ទាំងត្រាស់ដឹងបានដោយឆាប់រហ័ស។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ តែងមានសេចក្តីប្រតិបត្តិយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានសេចក្តីប្រតិបត្តិយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអត្តភាពនៃពួកសត្វនោះ កាលនឿយណាយ ក្នុងអត្តភាពនៃពួកសត្វនោះហើយ រមែងមិនត្រេកអរក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ៤ យ៉ាង។ សញ្ញា ៤ តើដូចម្តេចខ្លះ។ បុគ្គលពួកមួយ ស្គាល់នូវបរិត្តារម្មណ៍គឺ កាមាវចរ បុគ្គលពួកមួយ ស្គាល់នូវមហគ្គតារម្មណ៍ គឺរូបាវចរ បុគ្គលពួកមួយ ស្គាល់នូវអប្បមាណារម្មណ៍ គឺលោកុត្តរ បុគ្គលពួកមួយ ស្គាល់នូវអាកិញ្ចញ្ញាយតនៈថា វត្ថុតិចតួចមិនមាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសញ្ញាទាំង ៤ យ៉ាងនេះ សញ្ញាដ៏ប្រសើរនុ៎ះ បានដល់បុគ្គលពួកមួយ ស្គាល់នូវអាកិញ្ចញ្ញាយតនៈថា វត្ថុតិចតួច មិនមាន ដូច្នេះ។
ID: 636855052337633197
ទៅកាន់ទំព័រ៖