ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសញ្ញាយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានសញ្ញាយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអត្តភាព នៃពួកសត្វនោះ កាលនឿយណាយ ក្នុងអត្តភាពនៃពួកសត្វនោះហើយ រមែងមិនត្រេកអរក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ បណ្តាទិដ្ឋិ (សេចក្តីយល់) ទាំងឡាយ ដែលប្រព្រឹត្តទៅខាងក្រៅសាសនា សេចក្តីយល់ដ៏លើសនុ៎ះ បានដល់សេចក្តីយល់ថា បើអាត្មាអញ មិនមាន ក្នុងអតីតទេ អត្តភាពរបស់អាត្មាអញនេះ ក៏មិនមាន ក្នុងបច្ចុប្បន្នដែរ បើអាត្មាអញ នឹងមិនមាន ក្នុងអនាគតទេ គ្រឿងកង្វល់បន្តិចបន្តួច ក៏មិនមានដល់អាត្មាអញដែរ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ តែងកើតប្រាកដ ដល់បុគ្គលអ្នកមានទិដ្ឋិ យ៉ាងនេះថា ការមិនខ្ពើមរអើម ក្នុងភពណា របស់បុគ្គលនោះ ការមិនខ្ពើមរអើមនោះ នឹងមិនមានដល់បុគ្គលនោះផង ការខ្ពើមរអើម ក្នុងធម៌ជាគ្រឿងរលត់ភពណា របស់បុគ្គលនោះ ការខ្ពើមរអើមនោះ នឹងមិនមាន ដល់បុគ្គលនោះផង។
ID: 636855052630609954
ទៅកាន់ទំព័រ៖