ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ពួកសត្វ តែងមានទិដ្ឋិយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែ ពួកសត្វដែលមានទិដ្ឋិយ៉ាងនេះ ក៏គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងពួកសត្វនោះ កាលនឿយណាយ ក្នុងពួកសត្វនោះហើយ រមែងមិនត្រេកអរ ក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ រមែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ក្នុងសត្វដ៏ឧត្តម
(១) ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ កាលបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ក្នុងពួកសត្វដ៏ឧត្តម ការបញ្ញត្តិដ៏ប្រសើរនុ៎ះ បានដល់បុគ្គល ដែលកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយបានដល់នូវនេវសញ្ញានាសញ្ញាយតនៈ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ដឹងនូវនេវសញ្ញានាសញ្ញាយតនៈនោះហើយ ក៏សំដែងធម៌ដើម្បីធ្វើឲ្យជាក់ច្បាស់នូវនេវសញ្ញានាសញ្ញាយតនៈនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទុកជាមានវាទៈយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានវាទៈយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។
(១) ជាឈ្មោះនេវសញ្ញានាសញ្ញាយតនលាភីបុគ្គល។
ID: 636855053921683799
ទៅកាន់ទំព័រ៖