ព្រះត្រៃបិដក ភាគ ៥០
បានសួរភិក្ខុទាំងនោះដូច្នេះថា បពិត្រព្រះករុណាទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ស្តេចគង់នៅក្នុងទីណា បពិត្រព្រះករុណាទាំងឡាយដ៏ចំរើន ដ្បិតយើងខ្ញុំមានប្រាថ្នា ចង់គាល់ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ បពិត្រមហារាជ វិហារនុ៎ះ មានទ្វារបិទហើយ សូមព្រះអង្គមានព្រះសូរសៀងតិច ស្តេចចូលទៅតាមទ្វារនោះ កុំរួសរាន់ពេក ចូលទៅកាន់របៀង សឹមគ្រហែម ហើយគោះសន្ទះទ្វារ ព្រះដ៏មានព្រះភាគ នឹងទ្រង់បើកទ្វារថ្វាយព្រះអង្គ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់មានព្រះសូរសៀងតិចហើយ ចូលទៅកាន់វិហារ ដែលមានទ្វារបិទហើយ មិនបានរួសរាន់ ហើយទ្រង់ចូលទៅកាន់របៀង ហើយគ្រហែម គោះសន្ទះទ្វារ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់បើកទ្វារ។ គ្រានោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅកាន់វិហារ ក្រាបចុះទៀបព្រះបាទទាំងគូ នៃព្រះដ៏មានព្រះភាគដោយព្រះសិរ្ស ហើយជប់នូវព្រះបាទទាំងគូ នៃព្រះដ៏មានព្រះភាគ ដោយព្រះឱស្ឋផង ទ្រង់ច្របាច់ដោយព្រះហស្តផង ទ្រង់ក្រាបទូលឲ្យជ្រាបព្រះនាមផងថា
ID: 636855054917160737
ទៅកាន់ទំព័រ៖