ព្រះត្រៃបិដក ភាគ ៥០
បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ព្រះអង្គគង់នៅក្នុងព្រៃ ទ្រង់គប់រកសេនាសនៈដ៏ស្ងាត់ ដែលតាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ អស់កាលយូរ ដោយអំណាច នៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាឃើញនូវអំណាច នៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង សំដែងនូវកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ ទ្រង់សន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់សន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណាឃើញនូវអំណាចនៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង សំដែងកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវទាន ដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន
ID: 636855055644412334
ទៅកាន់ទំព័រ៖