ព្រះត្រៃបិដក ភាគ ៥០

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ព្រះអង្គ​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ជាច្រើន​ជាតិ​ ​គឺ​រលឹក​ឃើញ​បាន​ ​១​ ​ជាតិ​ខ្លះ​ ​២​ ​ជាតិ​ខ្លះ​។​បេ​។​ ​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ព្រះអង្គ​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ទាំង​ឧទ្ទេស​ ​ដូច្នេះ​ ​ដោយអំណាច​នៃ​ប្រយោជន៍​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញ​នូវ​អំណាច​ ​នៃ​ប្រយោជន៍​នេះឯង​ ​ទើប​ធ្វើ​នូវ​សេចក្តី​គោរព​ដ៏​ក្រៃលែង​ ​សំដែង​កិរិយា​រាប់អាន​ ​ប្រកបដោយ​មេត្តា​ ​មាន​សភាព​យ៉ាងនេះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ទ្រង់​ឃើញ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​ចាប់បដិសន្ធិ​ ​ជា​សត្វ​ថោកទាប​ ​និង​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​មិច្ឆាទិដ្ឋិ​ ​តិះដៀល​ពួក​អរិយបុគ្គល​ ​ប្រកាន់​មាំ​នូវ​កម្ម​ជា​មិច្ឆាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636855071832238224
ទៅកាន់ទំព័រ៖