ព្រះត្រៃបិដក ភាគ ៥០
ឧបាលិវគ្គ ទី៤
[៣១] គ្រានោះ ព្រះឧបាលិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលចំពោះព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ សំដែងឡើងនូវបាតិមោក្ខ ដល់សាវកទាំងឡាយ តើព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។ ម្នាលឧបាលិ តថាគត បញ្ញត្តសិក្ខាបទ សំដែងឡើងនូវបាតិមោក្ខ ដល់សាវកទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ ១០ យ៉ាង។ ប្រយោជន៍ ១០ យ៉ាង តើដូចម្តេចខ្លះ។ គឺដើម្បីសេចក្តីល្អនៃសង្ឃ ១ ដើម្បីនៅសប្បាយនៃសង្ឃ ១ ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយដែលទ្រុស្តសីល ១ ដើម្បីនៅជាសុខស្រួលនៃភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ១ ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក ១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនជ្រះថ្លា ឲ្យជ្រះថ្លាឡើង ១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង ១
ID: 636855072724489258
ទៅកាន់ទំព័រ៖