ព្រះត្រៃបិដក ភាគ ៥០
ត្រូវពិចារណាថា បាតិមោក្ខទាំងពីរ អាត្មាអញចេះចាំដោយពិស្តារ ចែកចេញបានដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីបានដោយល្អ តាមសូត្រ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈដែរឬ ធម៌នុ៎ះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើបាតិមោក្ខទាំងពីរ ភិក្ខុមិនបានចេះចាំដោយពិស្តារ ចែកចេញដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈទេ ភិក្ខុនោះឯង បើមានគេសួរថា ម្នាលលោកដ៏មានអាយុ ចុះសិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងក្នុងទីណា មុខជានឹងឆ្លើយប្រាប់ទៅវិញមិនរួច ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោករៀននូវវិន័យសិនទៅ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១។ ធម៌ ៥ ប្រការនេះ ភិក្ខុត្រូវពិចារណាចំពោះខ្លួន។ ធម៌ ៥ ប្រការ តើដូចម្តេច ដែលភិក្ខុអ្នកចោទត្រូវតាំងទុកក្នុងខ្លួន។ អាត្មាអញ និយាយត្រូវតាមកាល មិននិយាយខុសកាល ១ អាត្មាអញ និយាយពាក្យពិត មិននិយាយពាក្យមិនពិត ១ អាត្មាអញនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យអាក្រក់ ១
ID: 636855078107307138
ទៅកាន់ទំព័រ៖