ព្រះត្រៃបិដក ភាគ ៥០
អាត្មាអញនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យដែលឥតប្រយោជន៍ ១ អាត្មាអញតាំងមេត្តាចិត្ត ហើយសិមនិយាយ មិននិយាយទាំងទោសចិត្ត ១។ ធម៌ ៥ ប្រការនេះឯង ដែលភិក្ខុអ្នកចោទ ត្រូវតាំងទុកក្នុងខ្លួន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ មានបំណងដើម្បីចោទភិក្ខុដទៃ ត្រូវពិចារណាធម៌ ៥ ប្រការនេះចំពោះខ្លួន ហើយត្រូវតាំងធម៌ ៥ ប្រការនេះ ទុកក្នុងខ្លួន រួចសិមចោទភិក្ខុដទៃ។
[៤៥] ម្នាលភិក្ខុទាំងឡាយ ទោស ១០ យ៉ាងនេះ រមែងមានក្នុងការចូលទៅខាងក្នុងរាជបុរី។ ទោស ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាក្នុងលោកនេះ កំពុងគង់នៅជាមួយនឹងមហេសី បើភិក្ខុចូលទៅក្នុងទីនោះ មហេសីបានឃើញភិក្ខុនោះ រមែងធ្វើនូវញញឹមឲ្យប្រាកដខ្លះ ភិក្ខុឃើញមហេសីហើយ ធ្វើនូវញញឹមឲ្យប្រាកដខ្លះ ព្រះរាជា រមែងរង្កៀសក្នុងរឿងនោះ យ៉ាងនេះថា ការកន្លងនូវមេថុននៃអ្នកទាំងពីរនេះ បានធ្វើហើយ ឬថានឹងធ្វើនូវការកន្លងនូវមេថុនមិនខាន។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ ក្នុងការចូលទៅក្នុងរាជបុរី។
ID: 636855078341800550
ទៅកាន់ទំព័រ៖