ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជបិតា រមែងប្រាថ្នា (ដើម្បីសម្លាប់) ព្រះរាជបុត្រខាងក្នុងរាជបុរី ឬថា ព្រះរាជបុត្រ ប្រាថ្នា (ដើម្បីសម្លាប់) ព្រះរាជបិតា ព្រះរាជបិតា និងព្រះរាជបុត្រ ទ្រង់រង្កៀសយ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៥ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចទ្រង់តាំងមន្រ្តី ដែលតាំងនៅក្នុងដំណែងទាប ឲ្យឡើងកាន់ដំណែងខ្ពស់ ការតាំងនោះ មិនជាទីគាប់ចិត្តរបស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ស្តេចតែងនៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៦ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជាទ្រង់បន្ថយមន្រ្តី ដែលតាំងនៅក្នុងដំណែងខ្ពស់ ឲ្យថយចុះ ក្នុងដំណែងទាបវិញ ការតាំងនោះមិនជាទីគាប់ចិត្ត របស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ព្រះរាជាតែងនៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។
ID: 636855078717602045
ទៅកាន់ទំព័រ៖