ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី​ ​១០​ ​ក្នុង​ការ​ចូល​ទៅ​ខាងក្នុង​រាជបុរី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​១០​ ​យ៉ាងនេះ​ឯង​ ​រមែង​មាន​ក្នុង​ការ​ចូល​ទៅ​ខាងក្នុង​រាជបុរី​។​
 [​៤៦​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ ​ពួក​សក្យ​ឧបាសក​ជាច្រើន​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ថ្ងៃឧបោសថ​នោះ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​សក្យ​ឧបាសក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​សក្យៈ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​បាន​រក្សា​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជួនកាល​ ​យើង​ទាំងឡាយ​ ​បាន​រក្សា​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ជួនកាល​ ​យើង​ទាំងឡាយ​ ​មិនបាន​រក្សា​។​ ​ម្នាល​សក្យៈ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​នោះ​ ​ពេញជា​ឥត​លាភ​ហើយ​ ​ការបាន​នូវ​អត្តភាព​ជា​មនុស្ស​ ​អ្នក​ទាំងឡាយ​នោះ​ ​បាន​ដោយ​កម្រ​ ​ដ្បិតថា​អ្នក​ទាំងឡាយ​ ​ជួនកាល​ក៏បាន​រក្សា​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ជួនកាល​ក៏​មិនបាន​រក្សា​ ​ក្នុង​ជីវិត​ប្រកបដោយ​សោក​ ​និង​ភ័យ​ក្នុង​ជីវិត​ ​ប្រកបដោយ​មរណៈ​ ​និង​ភ័យ​យ៉ាងនេះ​។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636855079141836310
ទៅកាន់ទំព័រ៖