ព្រះត្រៃបិដក ភាគ ៥០
សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ ចំជាឥតលាភហើយ ការបាននូវអត្តភាពជាមនុស្ស អ្នកទាំងឡាយនោះ បានដោយកម្រ ដ្បិតថា អ្នកទាំងឡាយ ជួនកាលបានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាលមិនបានរក្សា ក្នុងជីវិតប្រកបដោយសោក និងភ័យ ក្នុងជីវិតប្រកបដោយមរណៈ និងភ័យយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន យើងទាំងឡាយនេះ នឹងរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ចាប់ដើមតាំងពីថ្ងៃនេះ តរៀងទៅ។
[៤៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះ លិច្ឆវី ឈ្មោះមហាលិ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះលិច្ឆវី ឈ្មោះមហាលិ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក។
ID: 636855080393637909
ទៅកាន់ទំព័រ៖