ព្រះត្រៃបិដក ភាគ ៥០
គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ក៏ចូលទៅរកឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច ចុះអន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើមិនទាន់ដាច់ស្រេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ យើងខ្ញុំទាំងឡាយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា ក៏កើតមានសេចក្តីប្រកួតប្រកាន់ ឈ្មោះប្រកែក និយាយចាក់ដោតគ្នា ដោយលំពែង គឺមាត់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានសេចក្តីប្រកួតប្រកាន់ ឈ្មោះប្រកែក និយាយចាក់ដោតគ្នា ដោយលំពែង គឺមាត់ ព្រោះហេតុណា ហេតុនុ៎ះ មិនសមគួរដល់អ្នកទាំងឡាយ ជាកុលបុត្ត អ្នកមានសទ្ធា ចេញចាកផ្ទះ ចូលមកកាន់ផ្នួសសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ ជាធម៌គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីមូលមិត្រគ្នា។
ID: 636855081849441176
ទៅកាន់ទំព័រ៖