ព្រះត្រៃបិដក ភាគ ៥០
ធម៌ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចារៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ដោយហេតុណា នេះជាធម៌ គួររលឹករកគ្នា ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្រ្គោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីមូលមិត្រគ្នា ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះឯង ក៏បានស្តាប់ច្រើន បានចាំទុក ចាំស្ទាត់រត់មាត់ ជាក់ច្បាស់ក្នុងចិត្ត ត្រាស់ដឹងល្អដោយទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាពហុស្សូត។បេ។
ID: 636855082030051506
ទៅកាន់ទំព័រ៖