ព្រះត្រៃបិដក ភាគ ៥០
ម្នាលអាវុសោទាំងឡាយ ដូចជាស្រ្តី ឬបុរសកំឡោះជំទង់ ប្រកបដោយជាតិ ជាអ្នកស្អិតស្អាង កាលពិចារណាមើលស្រមោលរបស់ខ្លួនក្នុងកញ្ចក់ ដែលបរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញធូលី ឬកន្ទួលក្នុងកញ្ចក់ ក៏រមែងព្យាយាមលះបង់នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួលនោះទេ ក៏មានចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ (មុខ) របស់អាត្មាអញ បរិសុទ្ធ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ឧបមេយ្យ ដូចជា ការពិចារណា ក្នុងកុសលធម៌ទាំងឡាយ រមែងមានឧបការៈច្រើន ដល់ភិក្ខុថា អាត្មាអញ ជាអ្នកមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ មានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញ ត្រូវថីនមិទ្ធៈរួបរឹតច្រើនឬហ្ន៎ អាត្មាអញ មិនមានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញ ប្រាសចាកថីនមិទ្ធៈច្រើនឬហ្ន៎ អាត្មាអញ មានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎
ID: 636855084527804369
ទៅកាន់ទំព័រ៖