ព្រះត្រៃបិដក ភាគ ៥០
ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរតាំងនៅក្នុងកុសលធម៌ទាំងនោះ ហើយធ្វើនូវសេចក្តីព្យាយាម ដើម្បីអស់ទៅនៃអាសវៈទាំងឡាយតទៅ។
[៥៣] ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយទេ នឹងបាច់និយាយថ្វីដល់ការសាបសូន្យ។ ម្នាលភិក្ខុទាំងឡាយ តថាគត សរសើរនូវសេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ តែម៉្យាង មិនសរសើរការតាំងនៅដដែល មិនសរសើរការសាបសូន្យទេ។ ម្នាលភិក្ខុទាំងឡាយ ការសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែនជាការចំរើន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងប៉ុន្មាន ក្នុងសាសនានេះ ប្រកបដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា និងបដិភាណៈ ធម៌ទាំងឡាយនោះ របស់ភិក្ខុនោះ មិនតាំងនៅដដែល មិនចំរើន។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវហេតុនេះថា ជាសេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែន ជាសេចក្តីចំរើនទេ។
ID: 636855085194532504
ទៅកាន់ទំព័រ៖