ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ មិនបានចេតោសមថៈខាងក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវពួកធម៌ ជាកុសលទាំងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីប្រញាប់ធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់នូវសំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវពួកកុសលធម៌ទាំងនោះ ក៏យ៉ាងនោះដែរ។
ID: 636855086974074288
ទៅកាន់ទំព័រ៖