ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវជនបទ ឬប្រទេសដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណាដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលដោយចំណែកពីរ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាបុគ្គលទាំងនោះ ភិក្ខុគប្បីដឹងនូវបុគ្គលណាថា កាលបើអាត្មាអញសេព បុគ្គលនេះឯង អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ បុគ្គលបែបនេះ ភិក្ខុមិនគួរសេព។ បណ្តាបុគ្គលទាំងនោះ ភិក្ខុគប្បីដឹងនូវបុគ្គលណាថា កាលបើអាត្មាអញ សេពបុគ្គលនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង បុគ្គលបែបនេះ ភិក្ខុគួរសេព។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលដោយចំណែកពីរ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។
[៥៥] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោ ភិក្ខុទាំងឡាយ។
ID: 636855088226255909
ទៅកាន់ទំព័រ៖