ព្រះត្រៃបិដក ភាគ ៥០
ពួកភិក្ខុទាំងនោះ ទទួលថេរវាចារបស់ព្រះសារីបុត្តដ៏មានអាយុថា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ អ្នកផងតែងនិយាយថា បុគ្គលមានធម៌សាបសូន្យ បុគ្គលមានធម៌សាបសូន្យ ដូច្នេះ ម្នាលអាវុសោទាំងឡាយ អ្នកផង តែងនិយាយថា បុគ្គលមានធម៌មិនសាបសូន្យ បុគ្គលមានធម៌មិនសាបសូន្យ ដូច្នេះ។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌សាបសូន្យ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច ចំណែកខាងបុគ្គល មានធម៌មិនសាបសូន្យ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច។ ពួកភិក្ខុតបថា ម្នាលអាវុសោទាំងឡាយ យើងទាំងឡាយមកអំពីចម្ងាយ ដើម្បីដឹងនូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះសារីបុត្តដ៏មានអាយុ សូមព្រះសារីបុត្តដ៏មានអាយុ សំដែងនូវសេចក្តីនៃភាសិតនោះឲ្យទាន ពួកភិក្ខុបានស្តាប់ព្រះសារីបុត្តដ៏មានអាយុហើយ នឹងចងចាំបាន។ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ ខ្ញុំនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ យ៉ាងនេះ។
ID: 636855088431667658
ទៅកាន់ទំព័រ៖