ព្រះត្រៃបិដក ភាគ ៥០
អាត្មាអញ ជាអ្នកបានចេតោសមថៈ ខាងក្នុងសន្តានឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកបាននូវអធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណា មិនឃើញពួកកុសលធម៌ទាំងអស់នេះ ក្នុងខ្លួនទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវពួកកុសលធម៌ទាំងអស់នេះ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគួរប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់នូវសំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ
ID: 636855089238953832
ទៅកាន់ទំព័រ៖