ព្រះត្រៃបិដក ភាគ ៥០
ម្នាលអាវុសោទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់សំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ពិចារណាឃើញ នូវកុសលធម៌ទាំងឡាយណាក្នុងខ្លួន ឋិតនៅក្នុងកុសលធម៌ទាំងឡាយនោះ (បើ) មិនទាន់ឃើញនូវកុសលធម៌ទាំងឡាយណា ក្នុងខ្លួនទេ ត្រូវធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវកុសលធម៌ទាំងឡាយនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណាឃើញកុសលធម៌ទាំងអស់នេះ ក្នុងខ្លួន ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរឋិតនៅ ក្នុងកុសលធម៌ទាំងអស់នេះ ហើយធ្វើនូវសេចក្តីព្យាយាម ដើម្បីអស់ទៅនៃអាសវៈទាំងឡាយតទៅ។
ID: 636855089658817847
ទៅកាន់ទំព័រ៖