ព្រះត្រៃបិដក ភាគ ៥០
គ្រានោះឯង ព្រះអានន្ទត្ថេរដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទត្ថេរដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលនូវពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន គិរិមានន្ទដ៏មានអាយុ មានអាពាធ ប្រកបដោយទុក្ខវេទនា ជាជម្ងឺធ្ងន់ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់អនុគ្រោះ (ចំពោះគិរិមានន្ទ) សូមស្តេចចូលទៅត្រង់កន្លែង ដែលគិរិមានន្ទអាស្រ័យនៅ។ ព្រះដ៏មានព្រះភាគ ត្រាស់តបថា ម្នាលអានន្ទ ប្រសិនបើអ្នកចូលទៅកាន់សំណាក់នៃគិរិមានន្ទភិក្ខុ សំដែងប្រាប់សញ្ញា ទាំង ១០ ប្រការ ដំណើរនេះ ជាហេតុនឹងនាំឲ្យអាពាធរបស់គិរិមានន្ទភិក្ខុនោះ បានរម្ងាប់សះស្បើយទៅមួយរំពេច ព្រោះគិរិមានន្ទភិក្ខុ បានស្តាប់នូវសញ្ញាទាំង ១០ ប្រការ។ សញ្ញាទាំង ១០ ប្រការនោះ ដូចម្តេចខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ សព្វសង្ខារេសុ អនិច្ចសញ្ញា ១ អានាបានស្សតិ ១។
ID: 636855091187825301
ទៅកាន់ទំព័រ៖