ព្រះត្រៃបិដក ភាគ ៥០
ម្នាលអានន្ទ អសុភសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយនេះឯង ខាងលើអំពីផ្ទៃនៃបាតជើងឡើងទៅ ខាងក្រោមអំពីចុងសក់ចុះមក ព័ទ្ធជុំវិញដោយស្បែក ពេញដោយគ្រឿងមិនស្អាត មានប្រការផ្សេង ៗ ដូច្នេះថា ក្នុងរូបកាយនេះ សក់ទាំងឡាយ រោមទាំងឡាយ ក្រចកទាំងឡាយ ធេ្មញទាំងឡាយ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ ឬលំពែងអរឹស សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ ភិក្ខុពិចារណាឃើញរឿយ ៗ ថា មិនល្អ ក្នុងរូបកាយនេះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ នេះហៅថា អសុភសញ្ញា។
ម្នាលអានន្ទ អាទីនវសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណាឃើញដូច្នេះថា រូបកាយនេះ មានទុក្ខច្រើន មានទោសច្រើនដោយពិត។
ID: 636855091687343872
ទៅកាន់ទំព័រ៖