ព្រះត្រៃបិដក ភាគ ៥០
ភិក្ខុពិចារណាឃើញរឿយ ៗ ថាជាទោស ក្នុងរូបកាយនេះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ នេះហៅថា អាទីនវសញ្ញា។
ម្នាលអានន្ទ បហានសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀតនូវកាមវិតក្ក ដែលកើតឡើងហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀត នូវព្យាបាទវិតក្ក ដែលកើតឡើងហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវវិហឹសាវិតក្ក ដែលកើតឡើងហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវធម៌ដែលជាបាបអកុសលដែលកើតឡើងហើយរឿយ ៗ។ ម្នាលអានន្ទ នេះហៅថា បហានសញ្ញា។
ម្នាលអានន្ទ វិរាគសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណាឃើញរឿយ ៗ ដូច្នេះថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម។
ID: 636855092339101150
ទៅកាន់ទំព័រ៖