ព្រះត្រៃបិដក ភាគ ៥០
យមកវគ្គ ទី២
[៦១] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់អវិជ្ជា មិនប្រាកដទេ អវិជ្ជាមិនមានក្នុងកាលមុនអំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អវិជ្ជានេះ តថាគតពោលយ៉ាងនេះ តែថា អវិជ្ជា រមែងប្រាកដ ព្រោះមានរបស់នេះជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជា ប្រាកដដោយអាហារ មិនបានពោលថា អវិជ្ជាឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អវិជ្ជា។ គប្បីឆ្លើយថា នីវរណៈ ៥។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា នីវរណៈ ៥ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់នីវរណៈ ៥។ គប្បីឆ្លើយថា ទុច្ចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ទុច្ចរិត ៣។ គប្បីឆ្លើយថា ការមិនសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការមិនសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមានសម្បជញ្ញៈ។
ID: 636855095913685604
ទៅកាន់ទំព័រ៖