ព្រះត្រៃបិដក ភាគ ៥០
ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង។ ភិក្ខុនោះ ទើបពេញលេញ ដោយអង្គនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ទាំង ១០ នេះហើយ ឈ្មោះថា នាំឲ្យកើតសេចក្តីជ្រះថ្លា ដោយជុំវិញផង បរិបូណ៌ដោយអាការគ្រប់យ៉ាងផង។
[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែគ្មានសីល មានសីលហើយ តែមិនចេះដឹងច្រើន ចេះដឹងច្រើនហើយ តែមិនចេះសំដែងធម៌ ចេះសំដែងធម៌ហើយ តែចូលកាន់បរិសទ្យមិនកើត ចូលកាន់បរិសទ្យកើតហើយ តែមិនក្លៀវក្លា សំដែងធម៌ដល់បរិសទ្យ ក្លៀវក្លាសំដែងធម៌ ដល់បរិសទ្យហើយ តែមិនទ្រទ្រង់វិន័យ ទ្រទ្រង់វិន័យហើយ តែមិនប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ហើយ តែមិនបានវិមោក្ខធម៌ដ៏ល្អិត ដែលកន្លងរូបជ្ឈានហើយ បានអារុប្បជ្ឈានដោយកាយ បានវិមោក្ខធម៌ដ៏ល្អិត ដែលកន្លងរូបជ្ឈាន បានអារុប្បជ្ឈាន ដោយកាយហើយ
ID: 636854992016663035
ទៅកាន់ទំព័រ៖