ព្រះត្រៃបិដក ភាគ ៥០
បណ្តាអ្នកបរិបូណ៌ដោយទិដ្ឋិនោះ បុគ្គល ៥ ពួក សម្រេច (បរិនិព្វាន) ក្នុងលោកនេះ បុគ្គល ៥ ពួក លះលោកនេះហើយ ទើបសម្រេច។ បុគ្គល ៥ ពួកដែលសម្រេចក្នុងលោកនេះ តើដូចម្តេច។ គឺសត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ ព្រះអរហន្ត ក្នុងបច្ចុប្បន្ន ១ បុគ្គល ៥ ពួកនេះ មានការសម្រេចក្នុងលោកនេះ។ បុគ្គល ៥ ពួក ដែលលះលោកនេះហើយ សម្រេច តើដូចម្តេច។ គឺ
(១) អន្តរាបរិនិញ្វយិបុគ្គល ១
(២) ឧបហច្ចបរិនិញ្វយិបុគ្គល ១
(៣) អសង្ខារបរិនិញ្វយិបុគ្គល ១
(៤) សសង្ខារបរិនិញ្វយិបុគ្គល ១
(៥) ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ដល់នូវការចូលចិត្តចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាអ្នកបរិបូណ៌ដោយទិដ្ឋិ។
(១) គឺលោកបរិនិព្វាន ក្នុងរវាងអាយុមិនទាន់ដល់ពាក់កណ្តាល។ (២) គឺលោកបរិនិព្វាន ក្នុងកាលអាយុផុតពាក់កណ្តាលហើយ ទើបដល់ទីបំផុត។ (៣) លោកបរិនិព្វាន ដោយមិនមានសេចក្តីព្យាយាមយ៉ាងខ្លាំង។ (៤) លោកបរិនិព្វាន ដោយសេចក្តីព្យាយាមខ្លាំង។ (៥) លោកមានខ្សែក្នុងខាងលើទៅកាន់អកនិដ្ឋភព។
ID: 636855415506915292
ទៅកាន់ទំព័រ៖