ព្រះត្រៃបិដក ភាគ ៥០

​បណ្តា​សោតាបន្ន​បុគ្គល​ទាំងនោះ​ ​បុគ្គល​ ​៥​ ​ពួក​នេះ​ ​សម្រេច​ក្នុង​លោក​នេះ​ ​បុគ្គល​ ​៥​ ​ពួក​នេះ​ ​លះលោក​នេះ​ហើយ​ ​ទើប​សម្រេច​។​
 [​៦៥​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​គង់នៅ​នាល​ក​គ្រាម​ ​ក្នុង​ដែន​មគធៈ​។​ ​គ្រានោះ​ ​បរិព្វាជក​ឈ្មោះ​សា​មណ្ឌ​កា​និ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ពោល​ពាក្យ​រាក់ទាក់​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បរិព្វាជក​ឈ្មោះ​ ​សា​មណ្ឌ​កា​និ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​សួរ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​អ្វី​ហ្ន៎​ ​ឈ្មោះថា​ ​សុខ​ ​អ្វី​ឈ្មោះថា​ ​ទុក្ខ​។​ ​ព្រះ​សារីបុត្ត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ការ​កើតឡើង​ហ្នឹងឯង​ ​ឈ្មោះថា​ ​ទុក្ខ​ ​ការ​មិនកើត​ឡើង​ ​ឈ្មោះថា​ ​សុខ​។​ ​ម្នាល​អាវុសោ​ ​កាលបើ​មានការ​កើតឡើង​ ​សេចក្តី​ទុក្ខ​នេះ​ ​រមែង​ប្រាកដ​ ​គឺ​ការ​ត្រជាក់​ ​ក្តៅ​ ​ឃ្លាន​ ​ស្រេក​ ​ឧច្ចារៈ​ ​បស្សាវៈ​ ​ប៉ះ​ត្រូវ​នឹង​ភ្លើង​ ​ប៉ះ​ត្រូវ​នឹង​ដំបង​ ​ប៉ះ​ត្រូវ​នឹង​គ្រឿង​សស្រ្តាវុធ​ ​ញាតិ​ទាំងឡាយ​ក្តី​ ​មិត្រ​ទាំងឡាយ​ក្តី​ ​រមែង​ជួបជុំ​ប្រសព្វគ្នា​ ​បៀតបៀន​ ​បុគ្គល​នោះ​។​ ​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636855416009134017
ទៅកាន់ទំព័រ៖