ព្រះត្រៃបិដក ភាគ ៥០
ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គល ជាអ្នកមានសេចក្តីឃើញខុសនេះ ជាសេចក្តីសាបសូន្យ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយមាន ហិរិមាន ...ឱត្តប្បៈមាន... វីរិយៈមាន... បញ្ញាក្នុងកុសលធម៌ទាំងឡាយមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃរបស់ព្រះចន្ទ ក្នុងជុណ្ហបក្ខ មកដល់ ព្រះចន្ទនោះ រមែងចំរើនដោយពណ៌ ចំរើនដោយមណ្ឌល ចំរើនដោយពន្លឺ ចំរើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិមាន... ឱត្តប្បៈមាន... វីរិយៈមាន... បញ្ញាក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីសាបសូន្យ មិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា បុរសបុគ្គលអ្នកមានសទ្ធានេះ ជាសេចក្តីមិនសាបសូន្យ
ID: 636855417245934758
ទៅកាន់ទំព័រ៖