ព្រះត្រៃបិដក ភាគ ៥០
ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន... ឱត្តប្បៈ មិនមាន ... វីរិយៈ មិនមាន ... បញ្ញាក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះមកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងប្រាកដ សេចក្តីចំរើន មិនប្រាកដឡើយ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃរបស់ព្រះចន្ទ ក្នុងកាឡបក្ខ មកដល់ ព្រះចន្ទនោះ ក៏បាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាកពន្លឺ បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន។បេ។ បញ្ញាក្នុងកុសលធម៌ទាំងឡាយមិនមាន។បេ។ ក៏យ៉ាងនោះដែរ ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យ ជាអ្នកមិនមានហិរិ... ជាអ្នកមិនមានឱត្តប្បៈ... ជាអ្នកខ្ជិលច្រអូស ... ជាអ្នកអប្បឥតប្រាជ្ញា... ជាអ្នកក្រោធ... ជាអ្នកចងសេចក្តីក្រោធទុក... ជាអ្នកមានសេចក្តីប្រាថ្នាអាក្រក់ ... ជាអ្នកមានមិត្តអាក្រក់... ម្នាលសារីបុត្ត ពាក្យថា បុរសបុគ្គលអ្នកមានការយល់ឃើញខុសនេះ ជាសេចក្តីសាបសូន្យ។
ID: 636855417644027527
ទៅកាន់ទំព័រ៖