ព្រះត្រៃបិដក ភាគ ៥០
ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ពួកខ្ញុំព្រះអង្គត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង គឺនិយាយអំពីស្តេច និយាយអំពីចោរ។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង ដោយហេតុណា ហេតុនោះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្តអ្នកចេញចាកផ្ទះដោយសទ្ធា ហើយចូលកាន់ផ្នួសឡើយ តិរច្ឆានកថានោះគឺ និយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនាទាហាន និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីយោធាក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិ ដែលចែកឋានទៅកាន់បរលោក និយាយពាក្យដែលឥតប្រយោជន៍ មានសភាពផ្សេង ៗ
ID: 636855419525425137
ទៅកាន់ទំព័រ៖