ព្រះត្រៃបិដក ភាគ ៥០
និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ (ហេតុគួរនិយាយ) អម្បាលនេះ មាន ១០ ប្រការ។ កថាវត្ថុ ១០ ប្រការ តើដូចម្តេចខ្លះ។ គឺនិយាយអំពីសេចក្តីប្រាថ្នាតិច ១ និយាយអំពីសេចក្តីសន្តោស ១ និយាយអំពីសេចក្តីស្ងាត់ ១ និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ១ និយាយអំពីប្រារព្ធសេចក្តីព្យាយាម ១ និយាយអំពីសីល ១ និយាយអំពីសមាធិ ១ និយាយអំពីបញ្ញា ១ និយាយអំពីវិមុត្តិ ១ និយាយអំពីវិមុត្តិញ្ញាណទស្សនៈ ១ ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ១០ ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ និយាយនូវកថា ដែលអាស្រ័យកថាវត្ថុ ១០ ប្រការនេះឯង អ្នកទាំងឡាយ នឹងគ្របសង្កត់នូវតេជះនៃព្រះចន្ទ និងព្រះអាទិត្យនេះឯង ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ដោយតេជះរបស់ខ្លួន នឹងបាច់ពោលទៅថ្វី ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយឡើយ។
[៧០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។
ID: 636855419767478982
ទៅកាន់ទំព័រ៖