ព្រះត្រៃបិដក ភាគ ៥០
អាត្មាអញ គប្បីគ្របសង្កត់នូវអារម្មណ៍ ដែលគួរខ្លាច ដែលកើតឡើងហើយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល... ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីបានដោយមិនបាច់ប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវចតុត្ថជ្ឈាន ទាំងកិរិយានៅជាសុខ ក្នុងបច្ចុប្បន្ន ដែលអាស្រ័យនូវចិត្ត ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ... ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន បានដល់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ហើយសម្រេចសម្រាន្តនៅ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបនូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចំរើននូវសុញ្ញាគារៈ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបរិបូណ៌ដោយសីល ដោយបាតិមោក្ខ ចូរសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោសមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។
ID: 636855432957053382
ទៅកាន់ទំព័រ៖