ព្រះត្រៃបិដក ភាគ ៥០
ការប្រកបរឿយ ៗ នូវសុភនិមិត្ត ជាបន្លារបស់បុគ្គលដែលប្រកបរឿយ ៗ នូវអសុភនិមិត្ត ១ ការឃើញនូវសត្រូវ គឺល្បែងផ្សេង ៗ ជាបន្លារបស់បុគ្គលមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រ្ទិយទាំងឡាយ ១ ការត្រាច់ទៅជិតមាតុគ្រាម ជាបន្លារបស់ព្រហ្មចរិយៈ ១ សំឡេង ជាបន្លារបស់បឋមជ្ឈាន ១ វិតក្កៈ និងវិចារៈ ជាបន្លារបស់ទុតិយជ្ឈាន ១ បីតិ ជាបន្លារបស់តតិយជ្ឈាន ១ អស្សាសប្បស្សាសៈ ជាបន្លារបស់ចតុត្ថជ្ឈាន ១ សញ្ញា និងវេទនា ជាបន្លារបស់សញ្ញាវេទយិតនិរោធសមាបត្តិ ១ រាគៈ ជាបន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកុំមានធម៌ ជាបន្លាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកុំមានធម៌ ជាបន្លាឡើយ ចូរនាំធម៌ជាបន្លាចេញ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តទាំងឡាយ មិនមានធម៌ជាបន្លាទេ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តទាំងឡាយ មិនមានធម៌ជាបន្លាទេ បាននាំធម៌ជាបន្លាចេញហើយ។
ID: 636855433746328526
ទៅកាន់ទំព័រ៖