ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក។ គឺការខ្ជិល និងការមិនប្រឹងប្រែង នាំឲ្យអន្តរាយដល់ភោគៈ ១ ការមិនប្រដាប់ មិនតាក់តែង នាំឲ្យអន្តរាយដល់ពណ៌សម្បុរ ១ ការធ្វើនូវសេចក្តីមិនសប្បាយ នាំឲ្យអន្តរាយដល់ភាពមិនមានរោគ ១ មិត្តលាមក នាំឲ្យអន្តរាយដល់សីល ១ ការមិនសង្រួមនូវឥន្រ្ទិយ នាំឲ្យអន្តរាយដល់ព្រហ្មចរិយៈ ១ ការពោលពាក្យខុស នាំឲ្យអន្តរាយ ដល់ពួកមិត្ត ១ ការធ្វើនូវសេចក្តីមិនស្វាធ្យាយ នាំឲ្យអន្តរាយ ដល់ភាពចេះដឹងច្រើន ១ ការមិនប្រុងស្តាប់ មិនសាកសួរ នាំឲ្យអន្តរាយដល់បញ្ញា ១ ការមិនប្រកបរឿយ ៗ ការមិនពិចារណា នាំឲ្យអន្តរាយដល់ធម៌ទាំងឡាយ ១ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយដល់ឋានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះ នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រក្នុងលោក។
ID: 636855434129190425
ទៅកាន់ទំព័រ៖