ព្រះត្រៃបិដក ភាគ ៥០
បពិត្រលោកម្ចាស់ដ៏ចំរើន បិតារបស់ខ្ញុំឈ្មោះបុរាណៈជាព្រហ្មចារី ជាអ្នកប្រព្រឹត្ត ឆ្ងាយវៀរចាកមេថុន ជាធម៌របស់អ្នកស្រុក លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាក្នុងជាន់តុសិត។ បពិត្រលោកម្ចាស់ដ៏ចំរើន ឥសិទត្ត ជាទីស្រឡាញ់របស់បិតានៃខ្ញុំ មិនមែនជាព្រហ្មចារី នៅត្រេកអរដោយប្រពន្ធរបស់ខ្លួន លុះធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាជាន់តុសិតដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក។ ម្នាលនាង ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ព្យាករហើយ យ៉ាងនេះឯង។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ទទួលចង្ហាន់បិណ្ឌបាត ក្នុងលំនៅនៃមិគសាលាឧបាសិការួចហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។
ID: 636855434982589236
ទៅកាន់ទំព័រ៖